តើអ្នកគួរត្រៀមអ្វីខ្លះពេលទៅសំភាសន៍?

ចូលរួមត្រែកអរដែរអ្នកបានជាប់ដល់វគ្គសំភាសន៍ តែក្នុងកំឡុងពេលនេះខ្ញុំជឿថាអ្នកកំពុងគិតថាតើអ្នកគួរតែរៀបចំអ្វីខ្លះនឹងគួរធ្វើអ្វីខ្លះមុនពេលដែលអ្នកនឹងទៅសំភាសន៍។ ជាការពិតណាស់ ការត្រៀមខ្លួនមុនពេលទៅធ្វើការសំភាសន៍គឺពិតជាសារៈសំខាន់ខ្លាំងណាស់ព្រោះថាវានឹងជួយដល់ការសំភាសន៍របស់អ្នកបានច្រើនហើយអាចនឹងជួយធ្វើឲអ្នកទទួលបានលទ្ធផលល្អជាងបេក្ខជនដទៃ។​ ដូច្នេះវាមានសារៈប្រយោជន៍ខ្លាំងដល់អ្នកនៅពេលដែលអ្នកបានយល់ដឹងពីចំនុចសំខាន់ៗមួយចំនួនមុនពេលដែលអ្នកទៅសំភាសន៍ការងារ។

១)​ ជ្រើសរើសសំលៀកបំពាក់ឲបានសមរម្យ

ការជ្រើសរើសសំលៀកបំពាក់ឲបានសមរម្យក៏ជាផ្នែកមួយសំខាន់ដែលនៅក្នុងការសំភាសន៍ការងារ។ នៅពេលដែលអ្នកឈានជើងចូលទៅដល់បន្ទប់សំភាសន៍ភ្លាម អ្នកដែលទទួលបន្ទុកសំភាសន៍អ្នកនឹងសំឡឹងមើលការស្លៀកពាក់របស់អ្នកមុនគេ។ ជាទូទៅ ការស្លៀកពាក់ឲបានសមរម្យក៏ជាលក្ខណៈវិនិច្ឆ័យមួយផងដែរ។

២) ហាត់សមការនិយាយស្វាគមន៍ពេលជួបអ្នកដែលសំភាសន៍អ្នក

ពេលដែលអ្នកចូលទៅដល់បន្ទប់សំភាសន៍ដំបូង​អ្នកនឹងត្រូវជួបជាមួយនិយោជកដែលសំភាសន៍អ្នក។ ក្នុងដំណាក់កាលដំបូងនេះ អ្នកគួរតែស្វាគមន៍និយោជកដែលសំភាសន៍អ្នកដោយស្នាមញញឹមរួសរាយរាក់ទាក់និងចាប់ដៃគេដោយភាពជឿជាក់។ ប្រសិនបើអ្នកធ្វើវាបានត្រឹមត្រូវវានឹងអាចធ្វើអោយនិយោជកដែលសំភាសន៍អ្នកគិតថាអ្នកមានភាពស្វាហាប់នឹងរួសរាយរាក់ទាក់។ វានឹងអាចជួយធ្វើអោយឱកាសនៃការសម្ភាសន៍របស់អ្នកកាន់តែល្អ។

៣) យល់ឲច្បាស់ពីប្រវត្តិរូបរបស់ខ្លួនឯង

ជាការពិតណាស់ អ្វីដែលអ្នកសរសេរដាក់នៅក្នុងប្រវត្តិរូបរបស់អ្នកមិនថាជា បទពិសោធន៍ការងារ រឺ ប្រវត្តនៃការសិក្សារបស់អ្នកទេគឺភាគច្រើនគេនឹងសួរទៅលើចំនុចទាំងនោះហើយ។ ដូច្នេះ ប្រសិនបើអ្នកមិនយល់ច្បាស់ពីបទពិសោធន៍ផ្សេងៗរបស់ខ្លួនឯង រឺក៏អ្នកមានចំនុចណាមួយដែលមិនប្រក្រតីនោះ ឳកាសដែលអ្នកអាចជោគជ័យពីការសំភាសន៍នោះក៏មិនមានច្រើនដែរ។

៤) ព្យាយាមសាកល្បងធ្វើការឆ្លើយសំនួរទូទៅ

សំនួរមួយចំនួនវាសឹងតែអាចនិយាយបានថាគឺនិយោជកនឹងសួរដូចជា “ប្រាប់ខ្ញុំអំពីខ្លួនអ្នក” និង“ ហេតុអ្វីអ្នកគិតថាអ្នកសាកសមនឹងមុខតំណែងនេះ?” អ្នកគួរតែសាកល្បងឆ្លើយសំនួរបែបនេះមុនពេលទៅសំភាសន៍។ ការព្យាយាមសាកល្បងឆ្លើយសំនួរបែបនេះ វានឹងជួយឲអ្នកមានទំនុកចិត្តកាន់តែខ្លាំងនៅពេលដែលអ្នកត្រូវបានគេសួរសំនួរទាំងនេះ។ សំនួរប្រភេទនេះ អ្នកអាចធ្វើការស្រាវជ្រាវបន្ថែមនៅក្នុងគេហទំព័ររបស់ពួកយើងបាន។

៥) ធ្វើការស្រាវជ្រាវពីក្រុមហ៊ុនដែលអ្នកដាក់ពាក្យធ្វើការ

ផ្នែកមួយដែលធ្វើអោយអ្នកអាចក្លាយជាបេក្ខជនដែលមានភាពលេចធ្លោគឺការយល់ដឹងពីក្រុមហ៊ុនដែលអ្នកបានដាក់ពាក្យធ្វើការនោះ។ នៅក្នុងពេលសំភាសន៍ សំនួរមួយក្នុងចំណោមសំនួរសំខាន់ៗ នោះគឺ “តើអ្នកយល់ដឹងពីក្រុមហ៊ុនយើងកំរិតណា?”។​ ចំលើយរបស់អ្នកទៅលើសំនួរបែបនេះគឺសំខាន់ព្រោះថានិយោជកអាចវាយតំលៃបានថាអ្នកយល់ដឹងពីក្រុមហ៊ុនរបស់គេកំរិតណាក៏ដូចជាតើអ្នកពិតជាចាប់អារម្មណ៍នឹងក្រុមហ៊ុនប៉ុណ្ណា។

៦) ទៅដល់កន្លែងសំភាសន៍មុន ១៥ នាទី

ពេលដែលអ្នកទៅសំភាសន៍ការងារត្រូវធ្វើយ៉ាងណាអោយទៅដល់កន្លែងនោះមុនយ៉ាងហោចណាស់១៥នាទី ហើយដាច់ខាតមិនត្រូវទៅសំភាសន៍ការងារយឺតនោះទេព្រោះវានឹងអាចធ្វើអោយប៉ះពាល់ដល់ការវាយតំលៃលើបេក្ខភាពរបស់អ្នក។

គន្លឹះជោគជ័យ, ចំណេះដឹងទូទៅ