៣ ចំនុចដែលគួរធ្វើអ្វីមុនពេលបញ្ចប់បរិញ្ញាបត្រ

ការបញ្ចប់បរិញ្ញាបត្រគឺជាជោគជ័យដ៏ធំមួយនៅក្នុងជិវិតនិស្សិតគ្រប់រូប។ តែធាតុពិតភាគច្រើននៃនិស្សិតដែលជិតបញ្ចប់បរិញ្ញាបត្រតែងតែមានអារម្មណ៍មួយគិតថាតើគួរធ្វើទើបល្អពេលរៀនចប់ទៅ។ ពេលខ្លះយើងមានអារម្មណ៍ថា មិត្តភក្តិរបស់យើងភាគច្រើនហាក់បីដូចជាបានគិតពីអនាគតរបស់ពួកគេរួចទៅហើយនៅឡើយតែយើងដែលកំពុងតែមិនដឹងថាគួរធ្វើអ្វីនៅពេលចេញពីមហាវិទ្យាល័យទៅ។ ខាងក្រោមគឹជាចំនុចខ្លះៗដែលគួរធ្វើអ្វីមុនពេលបញ្ចប់បរិញ្ញាបត្រ៖

១. កំណត់គោលដៅជិវិត

តើអ្នកចង់ឃើញខ្លួនឯងធ្វើអ្វីនៅក្នុងរយៈពេល ១០​ ឫ ២០ ឆ្នាំទៀត? តើអ្វីទៅដែលអ្នកគោលដៅជិវិតធំបំផុតរបស់អ្នក? ដើម្បីសំរេចគោលដៅទាំងនោះតើអ្នកត្រូវធ្វើអ្វីខ្លះ? ចាប់ផ្តើមពីអ្វីទៅទើបអាចសំរេចគោលដៅទាំងនោះ? នៅពេលដែលអ្នកឆ្លើយនឹងសំនួរទាំងនេះហើយ អ្នកគួរសរសេរវាទុក។ វាហាក់បីដូចជារឿងមួយដែលសាមញ្ញតែការធ្វើបែបនេះគឹវាជួយដាស់តឿនយើងឲប្រឹងប្រែងដើម្បីសំរេចគោលដៅរបស់យើង។

២. ស្វែងរកកម្មសិក្សា

ការធ្វើកម្មសិក្សា គឹជារឿងមួយសំខាន់បំផុតដែលយើងគួរប្រឹងប្រែងស្វែងរក។ ការធ្វីកម្មសិក្សាផ្តល់អាចផ្តល់បទពិសោធន៍ការងារនិងជំនាញផ្សេងៗដែលយើងមិនដែលបានរៀនឫអនុវត្តនៅក្នុងសកលវិទ្យាល័យ។ លើសពីនេះទៀត ការធ្វើកម្មសិក្សានៅស្ថាប័ន្តខ្លះគឹមិនត្រឹមតែផ្តល់បទពិសោធន៍ការងារនិងជំនាញប៉ុណ្ណោះទេគឹយើងថែមទាំងទទួលបានប្រាក់បៀរវត្តន៍ថែមទៀតផង។ ហើយអ្វីដែលល្អជាងនេះនោះគឹយើងមានឳកាសច្រើនក្នុងការដាក់ពាក្យធ្វើបុគ្គលិកពេញសិទ្ធិនៅស្ថាប័ន្តនោះបានទៀតផងពេលដែលយើងធ្វើកម្មសិក្សាចប់។ ដូច្នេះ មុនពេលដែលអ្នកបញ្ចប់បរិញ្ញាបត្រ អ្នកគួរតែព្យាយាមស្វែងរកកម្មសិក្សាណាដែលត្រូវនឹងមុខជំនាញរបស់អ្នក។

៣. កែប្រែទំលាប់អាក្រក់

សំរាប់និស្សិតមួយចំនួនធំ មហាវិទ្យាល័យអាចនឹងជាកន្លែងមួយដែលពោរពេញទៅដោយភាពស្មុគស្មាញ។ ពេលខ្លះដោយសាររវល់ពេកនិស្សិតភាគច្រើនបានងាកទៅរកការជក់បារី ការផឹកស្រា ការកំសាន្តនានាដើម្បីបំភ្លេចនៅភាពស្មុគស្មាញរបស់គេ។ យ៉ាងណាមិញ​ ការធ្វើបែបនេះវានឹងអាចធ្វើឲយើងទៅជាញៀន និងក្លាយទៅជាទំលាប់អាក្រក់មួយដែលពិបាកនឹងកែប្រែប្រសិនបើយើងមិនឆាប់ផ្លាស់ប្តូរវា។ ដូច្នេះ ជំនួសអោយការធ្វើឲខ្លួនឯងញៀនទៅលើរឿងទាំងនេះ អ្នកគួរតែព្យាយាមចាប់យកចំនូលចិត្តផ្សេងៗដូចជា ការអានសៀវភៅ ការលេងឩបករណ៍តន្រ្តី និងចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសង្គមផ្សេងៗ ដែលនឹងផ្តល់ផលប្រយោជន៍ឲអ្នកក្នុងពេលអនាគត។

គន្លឹះជោគជ័យ, ចំណេះដឹងទូទៅ, ជីវិត ការសិក្សា និង ការងារ