៣ ចំនុចដែលអ្នកគួរធ្វើនៅក្នុងសកលវិទ្យាល័យ

ពេលខ្លះខ្ញុំអង្គុយម្នាក់ឯងហើយក៏មានអារម្មណ៍ថាស្តាយពេលវេលាដែលបានចំណាយកន្លងទៅជាពិសេសពេលវេលាដែលបានខ្ជះខ្ជាយពេលនៅរៀននៅសកលវិទ្យាល័យ។ ថ្វីត្បិតតែពេលនេះខ្ញុំមានការងារល្អធ្វើ ខ្ញុំនៅតែមានការគិតមួយថាបើសិនជាខ្ញុំបានធ្វើរឿងមួយចំនួននេះ លទ្ធផលការងាររបស់ខ្ញុំក៏ដូចជាជីវិតរបស់ខ្ញុំនិងមានភាពប្រសើរជាងនេះទៅទៀត។ ចំនុចដែលខ្ញុំបានមើលរំលងនោះរួមមាន៖

១/ បង្កើតទំនាក់ទំនងល្អជាមួយសិស្សច្បងនិងគ្រូ

ជាការពិតណាស់ទោះថានេះគឺជាចំនុចដែលមានលក្ខណៈធម្មតា តែធាតុពិតគឺវាជាចំនុចមួយដែលសិស្សភាគច្រើនបានមើលរំលង។ ភាគច្រើនយើងតែងតែមិនផ្តល់ការយកចិត្តទុកដាក់ទៅលើចំនុចនេះដោយយើងគិតថាវាមិនមានសារៈសំខាន់ដល់យើង ឫក៏យើងគិតថាវាមិនចាំបាច់។ ផ្ទុយពីអ្វីដែលយើងបានគិត ការបង្កើតឲមានទំនាក់ទំនងល្អជាមួយនិងសិស្សច្បងនិងគ្រូគឺជាចំនុចដល់សំខាន់មួយនៅក្នុងជីវិតសកលវិទ្យាល័យរបស់យើង។ អ្វីដែលយើងទទួលបានពីការប្រាស្រ័យទាក់ទងល្អនេះគឺយើងអាចទទួលបានបទពិសោធន៍និងដំបូន្មានផ្សេងៗដែលទាក់ទងជាមួយការសិក្សារបស់យើងក៏ដូចជាអ្វីដែលយើងគួរធ្វើដើម្បីជួយក្នុងការសំរេចគោលដៅអនាគតរបស់យើង។ ហើយនេះគឺនាំឲចូលចំនុចទីពីររបស់ខ្ញុំ។

២/ បង្កើតគោលដៅជីវិត

ការកំណត់យកគោលដៅជីវិតរបស់យើងគឺដើរតួសំខាន់នៅក្នុងអនាគតរបស់យើង។ ពិសេសជាងនេះទៅទៀ​តក្នុងពេលដែលយើងសិក្សានៅសកលវិទ្យាល័យយើងកំពុងក្រេបយកចំណេះដឹងនិងជំនាញផ្សេងៗ​ដែលយើងមិនដែលជួបពីមុនមក។ ក្នុងនេះដែរប្រសិនបើយើងមិនបានរៀបចំគោលដៅដែលយើងចង់ធ្វើពេលដែលយើងបញ្ចប់វគ្គសិក្សាទេ យើងនឹងអាចជួបការលំបាកក្នុងការស្វែងការងារដែលខ្លួនចង់ធ្វើក៏ដូចជាមិនបានត្រៀមនូវជំនាញអ្វីដែលក្រុមហ៊ុនឫកន្លែងដែលអ្នកចង់ធ្វើ។ សំរាប់អ្នកដែលចង់ដឹងថាតើគួរបង្កើតគោលដៅជីវិតបែបណានោះអាចអានអត្ថបទបន្ថែមបានដោយចុចលើ៖ https://kohjob.com/2020/02/02/how-to-set-goal/

៣/ ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្ត (volunteer) ឫ កម្មសិក្សា (internship)

ការធ្វើការស្ម័គ្រចិត្ត (volunteer) ឫ កម្មសិក្សា (internship) អាចជួយអ្នកឱ្យមានទំនុកចិត្តព្រោះវាផ្តល់នូវឱកាសដើម្បីឲអ្នកបានសាកល្បងអ្វីដែលថ្មីនិងបង្កើតនូវសមិទ្ធិផលជាក់ស្តែង។ ជាមួយគ្នានេះដែរ ការចូលរួមក្នុងកម្មវិធីទាំងនេះអាចជួយអ្នកជួបមនុស្សប្រភេទផ្សេងៗគ្នានិងបង្កើតមិត្តថ្មី។ ការស្ម័គ្រចិត្តអាចជួយឱ្យអ្នកមានអារម្មណ៍ថាជាផ្នែកមួយនៃអ្វីមួយក្រៅពីមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក។ អ្វីដែលពិសេសនោះ ការស្ម័គ្រចិត្តអាចជួយអ្នកឱ្យរៀនជំនាញថ្មីៗ ហើយធ្វើឲអ្នកទទួលបានបទពិសោធន៍និងគុណវុឌ្ឍិនិងការងារទៀតផង។ តាមរយៈការស្ម័គ្រចិត្តផងដែរ អ្នកអាចប្រកួតប្រជែងខ្លួនឯងដើម្បីព្យាយាមធ្វើអ្វីឲសម្រេចគោលដៅផ្ទាល់ខ្លួនអនុវត្តការប្រើប្រាស់ជំនាញរបស់អ្នកនិងរកឃើញទេពកោសល្យដែលអ្នកមិនគិតថាខ្លួនឯងមានពីមុនមក។

គន្លឹះជោគជ័យ, ជីវិត ការសិក្សា និង ការងារ